កូនរមាសចង់ជិះកង់
កូនរមាសចង់ជិះកង់
កូនរមាសដល់អាយុចូលរៀនហើយ។ ជារៀងរាល់ព្រឹក កូនរមាសត្រូវងើបពីព្រឹក ដើម្បីដើរទៅរៀន។
ដោយសារតែជើងកូនរមាសខ្លី វាមិនអាចជិះកង់ទៅរៀនដូចមិត្តភក្តិរបស់វាបានទេ។ វាត្រូវដើរទៅសាលារៀនតែម្នាក់ឯង។
កូនរមាសទៅសាលារៀនយឺតស្ទើរតែរាល់ព្រឹក។
ពេលចេញលេង កូនរមាសអង្គុយលើបង់ជិតមាត់ស្រះតែម្នាក់ឯងទាំងទឹកមុខក្រៀមក្រំ។
កូនសេះចូលមកសួរវាថា៖ «តើឯងកើតអី?» កូនរមាសនិយាយតិចៗថា៖ «ខ្ញុំចង់ជិះកង់ដូចឯងដែរ តែជើងខ្ញុំខ្លីពេកជិះកង់អត់កើតទេ។» កូនរមាសអង្គុយរិះគិតពីវិធីដើម្បីឱ្យជើងវាវែង។ «ហ៊ឹម... តើធ្វើម៉េច ទើបខ្ញុំអាចជិះកង់ដូចគេបានទៅ?»
កូនរមាសក៏បានប្រជុំគ្នាជាមួយមិត្តភក្តិរបស់វា មានកូនសេះ កូនស្វា និងកូនកុក ដើម្បីរិះរកវិធីធ្វើយ៉ាងណាឱ្យជិះកង់បាន។
ពួកគេទាំងអស់គ្នាបានដើរទៅកន្លែងផ្ញើកង់របស់សាលារៀន។ នៅទីនោះ មានកង់ជាច្រើនតម្រៀបគ្នា មានទាំងកង់តូច និងកង់ធំ ខុសៗគ្នា។
កូនសេះប្រាប់ទៅកូនរមាសថា៖ «បើជើងឯងខ្លី មិនអាចជិះកង់ធំបាន អ៊ីចឹងឯងសាកខ្ចីកង់របស់ទាជិះមើលទៅ វាតូចទាបគួរតែជិះបាន!» កូនទានិយាយឡើងថា៖
«ឯងអាចជិះកង់ខ្ញុំបាន!» កូនរមាសក៏ទៅអូសកង់របស់កូនទាមកបម្រុងនឹងជិះ តែវាគិតថាកង់កូនទាពិតជាតូចពេកហើយ បើវាសាកជិះ វាប្រហែលជាអាចបាក់។
កូនស្វាឃើញកូនរមាសមិនសប្បាយចិត្ត វាក៏និយាយថា៖ «ឯងសាកជិះកង់របស់គោវិញម្តងមើល៍! ព្រោះមាឌគោប្រហែលនឹងឯង។» កូនគោក៏ប្រញាប់ប្រាប់ទៅកូនរមាសថា៖
«ឯងអាចជិះកង់ខ្ញុំបាន!» កូនរមាសក៏ចូលទៅយកកង់របស់កូនគោមកជិះ តែជើងរបស់វាខ្លី ទើបធ្វើជើងខ្វៃៗនៅលើកែបកង់។
ឃើញបែបនេះ កូនកុកប្រាប់ថា៖ «ឯងបន្ទាបកែបកង់បន្តិចទៅ!» កូនរមាសធ្វើតាម តែនៅតែជិះមិនបាន ព្រោះចង្កូតកង់នៅខ្ពស់ពីដៃរបស់វាពេក។
កូនរមាសនិយាយថា៖ «ខ្ញុំសាកបន្ទាបចង្កូតកង់សិន។»ប៉ុន្តែពេលកូនរមាសបន្ទាបចង្កូតកង់រួច វានៅតែមិនអាចជិះបានដដែល។ កូនរមាសដកដង្ហើមធំហើយនិយាយថា៖ «ហ៊ឺ! ដុំឈ្នាន់កង់នេះនៅទាបពេកហើយ...»
ភ្លាមនោះ ពួកគេដូចជានឹកឃើញអ្វីម្យ៉ាង ហើយក៏និយាយព្រមគ្នាថា៖ «បើដុំឈ្នាន់ទាប យើងធ្វើវាឱ្យខ្ពស់ទៅ ជាន់បានហើយ!!!»
បន្ទាប់មក កូនរមាស និងមិត្តភក្តិរបស់វា ក៏ទៅយកកង់ចាស់របស់វានៅផ្ទះ ហើយកែច្នៃដុំឈ្នាន់កង់។
ក្រោយពីធ្វើចុះឡើងជាច្រើនសា ពួកគេក៏កែដុំឈ្នាន់ឱ្យខ្ពស់បានសម្រេច។ ហើយកូនរមាសក៏អាចជិះកង់បាន! កូនរមាសរីករាយណាស់ ឯមិត្តរបស់វាក៏រីករាយដែរ។
ស្អែកឡើង កូនរមាសក៏ជិះកង់មកសាលារៀនជាមួយមិត្តភក្តិរបស់វាយ៉ាងសប្បាយរីករាយ។