កូនដំរីពូកែឆ្ងល់

កូនដំរីពូកែឆ្ងល់

គ្រប់ គ្នា សុទ្ធតែ ដឹងថា សត្វ ដំរី មាន ច្រមុះ វែង ណាស់។

ប៉ុន្តែ តាំងពីយូរលង់ណាស់មកហើយ ដំរីមានច្រមុះខ្លីហើយធំ មើលទៅប្រៀបដូចជាស្បែកជើងមួយនៅចំកណ្តាលមុខអ៊ីចឹង។

ថ្ងៃមួយ កូនដំរីមួយបានចាប់កំណើត។ វាឆ្ងល់ពីអ្វីៗគ្រប់យ៉ាង។ វាសួរសំណួរទៅសត្វទាំងឡាយ។

វាឆ្ងល់ពីសត្វកវែង។ វាសួរ ៖ «ហេតុអ្វីបានជាបងមានកវែងម៉្លេះ?»

វាឆ្ងល់ពីសត្វរមាស។ «ហេតុអ្វីបានជាស្នែងបងមានចុងស្រួចម៉្លេះ?»

វាឆ្ងល់ពីសត្វដំរីទឹក។ «ហេតុអ្វីបានជាបងមានភ្នែកពណ៌ក្រហម?»

ហើយវាឆ្ងល់ពីសត្វក្រពើខ្លាំងជាងគេ។ វាសួរ ៖ «តើក្រពើស៊ីអ្វីសម្រាប់អាហារពេលល្ងាច?»

ម្តាយដំរីបានហាមកូនថា «កុំសួរសំណួរបែបនេះទៀត!»។ ហើយគាត់ក៏ដើរចេញទាំងចងចិញ្ចើម។

ភ្លាមនោះ ក្អែកមួយបានហោះចុះសំដៅកូនដំរី រួចស្រែកថា «តោះទៅបឹងជាមួយខ្ញុំ។ នៅទីនោះ ឯងនឹងដឹងថាសត្វក្រពើស៊ីអ្វីសម្រាប់អាហារពេលល្ងាចហើយ។»

ឮដូចនេះ កូនដំរីក៏បានដើរតាមក្អែកទៅបឹង។

កូនដំរីបានវែកដើមត្រែង រួចឈរនៅមាត់ទឹក។ វាសម្លឹងមើលទៅក្នុងទឹកហើយសួរថា «តើក្រពើនៅឯណា?»។

ក្រពើដែលបន្លំខ្លួនជាដុំថ្មនៅក្នុងបឹងនិយាយសួស្តីទៅកាន់កូនដំរី។ កូនដំរីឆ្លើយតបទៅវិញដូចគ្នាថា «សួស្តី តើបងអាចប្រាប់ខ្ញុំបានទេថា ក្រពើស៊ីអ្វីជាអាហារពេលល្ងាច?»

ក្រពើដែលបន្លំខ្លួនជាដុំថ្មនោះនិយាយថា «ឱនចុះមក ខ្ញុំនឹងប្រាប់ឯង ហើយឱនឱ្យទាបមក»។ ឮដូច្នេះ កូនដំរីក៏ឱនចុះ។

ភ្លាមនោះ «គ្រឹប!» ច្រមុះកូនដំរីត្រូវបានក្រពើខាំជាប់។ សត្វក្អែកស្រែក ៖ «ក្រពើនឹងស៊ីឯងសម្រាប់អាហារពេលល្ងាច»។ ថារួច ក្អែកក៏ហើរទៅបាត់។

កូនដំរីអង្គុយចុះ ហើយខំទាញ។ វាទាញ​ហើយទាញទៀត ប៉ុន្តែ ក្រពើមិនព្រមលែងច្រមុះរបស់ដំរីឡើយ។

ច្រមុះរបស់កូនដំរីយារវែង វែង កាន់តែវែងទៅៗ។ច្រមុះរបស់កូនដំរីយារវែង វែង កាន់តែវែងទៅៗ។ ក្រោយមក វាក៏ដួលផ្ងារមកក្រោយ ឮសូរតែ «ក្ឌុក!»។

ក្រពើក៏ពន្លិចខ្លួនចូលទៅក្នុងទឹកវិញទៅ។ វាខឹងណាស់ ពេលបាត់ចំណីពេលល្ងាចរបស់វា។

កូនដំរីក៏សម្លឹងមើលច្រមុះរបស់វា។ ច្រមុះវាយារវែងយ៉ាងខ្លាំង សឹងតែមើលមិនឃើញចុង ។

ច្រមុះរបស់វាវែង រហូតអាចបេះផ្លែឈើពីមែកឈើខ្ពស់ៗបាន ។

ច្រមុះវាវែងណាស់ ដែលអាចឱ្យវាបាញ់ទឹកលាងសម្អាតខ្នងវាបាន។ ចាប់ពីថ្ងៃនោះមក ដំរីទាំងអស់មានច្រមុះវែងដ៏មានប្រយោជន៍ ដែលគេហៅថា «ប្រមោយ»។