ធ្មេញល្អ សស្អាត

ធ្មេញល្អ សស្អាត

ខ្ញុំជាសុភាទន្សាយ។ ខ្ញុំនឹងប្រាប់ប្អូនៗឱ្យមានសុខភាពល្អ និងធ្មេញេរឹងមាំ សស្អាត។

ប្អូនៗមិនគួរញ៉ាំអាហារដែលមានជាតិស្ករច្រើនពេកទេ ព្រោះស្ករអាចធ្វើឱ្យប្អូនមានជំងឺដង្កូវសុីធ្មេញ។

ប្អូនដឹងទេថា ទឹកក្រូចកំប៉ុង ស្ករគ្រាប់ និង នំកញ្ចប់មួយចំនួន មានជាតិស្ករច្រើនណាស់។

ចំណីដែលមានលក់នៅសាលារៀនរបស់ប្អូន ចំណីខ្លះល្អសម្រាប់សុខភាព តែចំណីខ្លះមានជាតិស្ករច្រើនណាស់។

សួស្តីវិភូ! តើម្សិលមិញ ប្អូនបានញ៉ាំអ្វីខ្លះ? បាទ! ខ្ញុំបានញ៉ាំបាយ នំផ្អែម ទឹកក្រូចកំប៉ុង និងចំណីផ្សេងៗទៀត។

អូ! ប្អូនបានញ៉ាំចំណីដែលមានជាតិស្ករច្រើនណាស់។ ប្អូនមិនគួរញ៉ាំទឹកក្រូចកំប៉ុងទេ។ មើលចុះ ធ្មេញរបស់ប្អូនមិនល្អទេ!

"សួស្តីសុខន! តើម្សិលមិញ ប្អូនបានញាំអ្វីខ្លះ? ចាស! ខ្ញុំបានផឹកទឹកក្រូចកំប៉ុង នំកញ្ចប់ ស្ករគ្រាប់ និងចំណីផ្សេងៗទៀត។ អូ! ប្អូនបានញាំចំណីដែលមានស្ករច្រើនណាស់។ មើលចុះ ធ្មេញរបស់ប្អូនមិនល្អទេ!"

ប្អូនត្រូវប្តូរពីស្ករគ្រាប់ទៅញ៉ាំផ្លែឈើ ហើយពីទឹកក្រូចកំប៉ុង ទៅទឹកធម្មតាវិញ។

"ខ្ញុំឈ្មោះសុខណា! ខ្ញុំបានញ៉ាំផ្លែចេក នំអន្សមចេក បាយ និងចំណីផ្សេងៗទៀត។ អស្ចារ្យណាស់! ប្អូនបានញ៉ាំចំណីដែលល្អសម្រាប់សុខភាពហើយ។ មើលចុះ! ធ្មេញរបស់ប្អូនពិតជាសស្អាត និងរឹងមាំមែន។"

ខ្ញុំចង់ប្រាប់ប្អូនៗថា ទាំងនេះគឺជាចំណីដែលល្អសម្រាប់សុខភាព។

ការញ៉ាំស្ករច្រើន មិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយទេ គឺប៉ះពាល់ដល់សុខភាពធ្មេញផងដែរ។ ការញ៉ាំស្ករច្រើននឹងនាំឱ្យធ្មេញឈឺ និងខូចមានប្រហោង។

ចំណុចសំខាន់៣ធំៗដែលប្អូនត្រូវធ្វើ គឺ៖ ទី១) ដុសធ្មេញដោយប្រើថ្នាំដុសធ្មេញ ជារៀងរាល់ព្រឹក និងមុនចូលគេងពេលយប់។ ទី២) ជៀសវាងញ៉ាំចំណីដែលមានជាតិស្ករច្រើន។ ទី៣) ទៅជួបពេទ្យធ្មេញដើម្បីពិនិត្យ និងព្យាបាលធ្មេញ ឱ្យបានទៀងទាត់។ "

ម៉ាក់! ខ្ញុំរីករាយណាស់ដែលបងទន្សាយប្រាប់ខ្ញុំអំពីចំណីដែលល្អសម្រាប់សុខភាព។ ខ្ញុំដឹងថាស្ករមិនល្អដល់ធ្មេញរបស់យើងទេ។

"ឥឡូវខ្ញុំចេះថែទាំធ្មេញឱ្យសស្អាត។ ខ្ញុំក៏អាចការពារជំងឺដង្កូវស៊ីធ្មេញបានដែរ។ "