អ្នកជិតខាងថ្មីរបស់ដើមអំពិល

អ្នកជិតខាងថ្មីរបស់ដើមអំពិល

នៅក្រោមដើមអំពិលមួយ អ្នកដំណើរ ៖ យីម្លប់អំពិលនេះត្រជាក់ល្អណាស់ សម្រាកបន្តិចសិន។ អ្នកភូមិ ៖ អីយ៉ា!..ដើមអំពិលនេះតូច តែមានផ្លែធំៗល្អណាស់...បេះយកទៅផ្ទះខ្លះសិន!

ដើមអំពិលញញឹមនៅពេលឮអ្នកដំណើរនិងអ្នកភូមិសរសើរម្លប់និងផ្លែរបស់ខ្លួនដូចនេះ។

ថ្ងៃមួយអ្នកភូមិបានសង់ខ្ចូសធំមួយនៅក្បែរដើមអំពិលនោះ។

អ្នកភូមិ៖ ខ្ចូសនេះស្អាត ហើយទាន់សម័យទៀត! អ្នកដំណើរ៖ ខ្ចូសនេះមានកន្លែងអង្គុយស្រួលមែន។

តាំងពីមានខ្ចូសថ្មីមក ក្រោមដើមអំពិលមិនមានភាពអ៊ូអរដូចមុនឡើយ គឺមានតែក្មេងឃ្វាលគោ នាំគ្នាមកឡើងប្រទាញប្រទង់បេះយកផ្លែតែប៉ុណ្ណោះ ដែលធ្វើឱ្យមែកខ្លះត្រូវបាក់ធ្លាក់រយាក។

មិនយូរប៉ុន្មាន ដើមអំពិលចាប់ផ្តើមជ្រុះស្លឹក និងផ្លែ ពេញដី ហើយស្លឹកខ្លះក៏ប៉ើងតាមខ្យល់ចូលទៅពង្រាយក្នុងខ្ចូសថែមទៀត។ ខ្ចូសខឹងនឹងដើមអំពិលណាស់ ក៏ស្តីបន្ទោស។

ខ្ចូស ៖ យីដើមអំពិល!..ម៉េចក៏ជ្រុះស្លឹកពង្រាយមកលើខ្ញុំបែបនេះ? ខូចសម្រស់ខ្ញុំអស់ហើយ!.. ដើមអំពិលតប ៖ គឺខ្យល់បក់នាំទៅទេតើ..ចង់បន្ទោស ទៅបន្ទោសខ្យល់ទៅ!

ខ្ចូសតប ៖ កុំបន្ទោសខ្យល់ បើស្លឹកអ្នកឯងមិនរុះរោយទេ ខ្យល់បានអ្វីនឹងបក់នាំមក!..ពិតជារំខានមែន!...។ ដើមអំពិលមិនខ្វល់នឹងសំដីរបស់ខ្ចូសឡើយ។ ស្លឹកអំពិលនៅតែរុះរោយដដែល។

យប់មួយមានខ្យល់បក់ខ្លាំង មែកអំពិលដែលងាប់បានបាក់ធ្លាក់មកលើខ្ចូស ធ្វើឱ្យធ្លុះដំបូល។ ខ្ចូសឈឺ និងខឹងរឹតតែខ្លាំងឡើង។ 

ខ្ចូសស្រែកថា៖ អូយ!... ម្តេចក៏ឱ្យមែកងាប់របស់ឯងបាក់មកលើខ្ញុំទៀតហើយ? ធ្លុះដំបូលខ្ញុំហើយណា...ដើមអំពិលតប៖ ឯងស្មានតែខ្ញុំចង់មែន? ពេលក្មេងឃ្វាលគោទាញមែកខ្ញុំបាក់ម្តងៗ ខ្ញុំក៏ឈឺដែរណា!

ខ្ចូសខឹងកាន់តែខ្លាំង ហើយស្រែក៖ មកពីឯងមិនរឹងមាំហ្នឹងទើបក្មេងទាញបំបាក់បាននោះ!ដើមអំពិល៖ អ្នកឯងក៏មិនអស្ចារ្យអីដែរ!...

មួយរយៈកន្លងទៅ ឬសដើមអំពិលចាក់ទៅជើងរបស់ខ្ចូស ដែលធ្វើឱ្យខ្ចូសកាន់តែខឹង។

ដើមអំពិល និងខ្ចូសចាប់ផ្តើមស្អប់គ្នាកាន់តែខ្លាំង។

នាយប់នោះ មានភ្លៀង និងព្យុះបានកើតឡើង។ ដើមអំពិលខំប្រឹងទប់ខ្លួនពីឥទ្ធិពលព្យុះដោយប្រុងប្រយ័ត្ន។ ស្របពេលខ្ចូសកំពុងផ្អៀងទៅម្ខាងបានស្រែកឱ្យជួយ៖ ជួយផង!... ជួយផង...!

ក្រឡេកឃើញដូចនោះ ដើមអំពិលក៏ប្រើកម្លាំងឬសរបស់ខ្លួនកាន់តែខ្លាំងសង្កត់ទៅលើខ្ចូស។

មួយសន្ទុះក្រោយមក ព្យុះក៏ស្ងប់។ ខ្ចូសបានងាកទៅនិយាយជាមួយដើមអំពិល៖   អរគុណដើមអំពិល!... អំបាញ់មិញបើគ្មានឬសរបស់ឯងជួយទប់ខ្ញុំទេ ខ្ញុំច្បាស់ជាប៉ើងទៅបាត់ហើយ!ដើមអំពិលឆ្លើយតប៖ មិនអីទេ! អ្វីដែលអាចជួយបាន ខ្ញុំប្រាកដជាជួយ។

ចាប់តាំងពីពេលនោះមក ដើមអំពិលនិងខ្ចូសក៏ក្លាយជាអ្នកជិតខាងគ្នាដ៏ល្អ។