ព្រះចន្ទអឹមអៀន

ព្រះចន្ទអឹមអៀន

ព្រះចន្ទមួយវង់កំពុងរះឡើង ។

ព្រះចន្ទងាកទៅស្តាំ ឃើញផ្កាយមួយក្រុមកំពុងប្រឡែងគ្នាលេងយ៉ាងសប្បាយ។

ព្រះចន្ទងាកទៅឆ្វេង ឃើញផ្កាយមួយក្រុមទៀតកំពុងនិយាយគ្នាលេងយ៉ាងសប្បាយ។

«ពួកគេលេងជុំគ្នាសប្បាយដល់ហើយ! ខ្ញុំអត់មានគ្នាលេងជាមួយគ្នាទេ»។

«ចុះបើខ្ញុំទៅសុំពួកគេលេងដែរ? » ព្រះចន្ទរំកិលខ្លួនបន្តិចម្តងៗទៅរកហ្វូងផ្កាយ។ ក្រោយមក ព្រះចន្ទឈប់នៅមួយកន្លែងវិញ។

«តើពួកគេនឹងលេងជាមួយខ្ញុំដែរឬទេ បើខ្ញុំមានរូបរាងធំខុសពីពួកគេបែបនេះ? តែយ៉ាងណាខ្ញុំសាកទៅសិន! »

ព្រះចន្ទរំកិលទៅមុខបន្តទៀត ហើយនៅមួយកន្លែងម្តងទៀត «ចុះបើពួកគេមិនចង់លេងជាមួយខ្ញុំ?» ព្រះចន្ទក៏នឹកឃើញវិធីមួយ។

ព្រះចន្ទបានយកជក់ពណ៌ខ្មៅមកគូរលេងលើខ្លួន។គេសរសេរពាក្យ «សួស្តី» គេលុបចេញវិញ។គេគូររូបផ្កាយលើខ្លួន។ តែគេលុបវិញ។

គេគូរលុបៗ ខ្លួនឡើងប្រឡាក់ប្រតាក។

«មើលទៅពួកគេរវល់លេង គេមិនបានឃើញខ្ញុំទេ។ខ្ញុំទៅងូតទឹកសំអាតខ្លួនចេញសិន» ។

រំពេចនោះស្រាប់តែមានសំឡេងនិយាយឡើង៖«តើរូបនៅលើព្រះចន្ទជារូបអ្វី?» ព្រះចន្ទងាកមក ឃើញក្រុមផ្កាយមកជិតខ្លួនមិនដឹងតាំងពីពេលណា។

ព្រះចន្ទញញឹមទាំងអឹមអៀននិយាយ៖ «សួស្តី!»។ ផ្កាយញញឹមតប។ ព្រះចន្ទសួរបន្ត៖

ផ្កាយសើច៖ «សួស្តី! ពួកយើងកំពុងតែលេងជាមួយគ្នាហើយទេតើ!»។

ផ្កាយផ្សេងសួរបន្ត៖ «តើរូបនៅលើខ្លួនឯងជារូបអ្វី?»ព្រះចន្ទតប៖ «ពួកឯងទាយទៅ!» ក្រុមផ្កាយនាំគ្នាទាយ៖ «ខ្ញុំថាអក្សរ?»

«មិនមែនទេ!​ មើលទៅដូចជារូបពួកយើង!» «មិនមែនទេ មើលទៅដូចរូបទន្សាយ» «ព្រះចន្ទ ប្រាប់ពួកយើងមក តើរូបនោះជារូបអ្វី?»

ព្រះចន្ទតបទាំងអេះអុញ៖ «ខ្ញុំក៏មិនដឹងដែរ! ខ្ញុំចេះតែគូរលេងៗទៅ»។ ផ្កាយទាំងអស់នាំគ្នាសើច។

«ឣុីចឹងឯងទាយពួកយើងវិញម្តង!» ថាហើយផ្កាយក៏ផ្គុំជារូបផ្សេងៗ។

តាំងពីពេលនោះមកព្រះចន្ទ និងផ្កាយលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។