ខ្ញុំចង់ក្លាយជា
ខ្ញុំចង់ក្លាយជា
កែវ និងសុផាជាមិត្តនឹងគ្នា ។ ថ្ងៃមួយកុមារទាំងពីរ បានជួបគ្នានៅក្រោមដើមឈើមួយ ហើយនិយាយ ប្រាប់គ្នាអំពីរឿងសត្វ ។
សុផានិយាយ៖ «ខ្ញុំចង់កើតជាត្រីបាឡែន ។ បើខ្ញុំជាត្រីបាឡែន ខ្ញុំនឹងមានមាឌធំហើយត្រី ទាំងអស់នឹងខ្លាចខ្ញុំ» ។
បើខ្ញុំជាត្រីបាឡែន នឹងមានមនុស្សច្រើន ទៅលេងសមុទ្រដើម្បីមើលខ្ញុំ។
ប៉ុន្តែខ្ញុំខ្លាចមនុស្សតាមសម្លាប់ខ្ញុំ។
កែវឆ្លើយ៖ «ចំណែកខ្ញុំមិនចង់កើតជាត្រីបាឡែនទេ ។ ខ្ញុំចង់កើតជាសត្វសេកវិញ ព្រោះខ្ញុំនឹងមានរូបរាងស្អាត ហើយអាចហោះហើរបាន» ។
បើខ្ញុំជាសត្វសេក គេនឹងយកខ្ញុំទៅចិញ្ចឹមនៅផ្ទះ ។
ប៉ុន្តែបើខ្ញុំរស់នៅក្នុងផ្ទះ គេនឹងទុកខ្ញុំក្នុងទ្រុង ហើយខ្ញុំនឹងមិនអាចហោះហើរបានទេ។
កែវនិយាយ៖ «ខ្ញុំមិនចង់កើតជាសត្វសេកទេ» ។
សុផាបន្ត៖ «ខ្ញុំចង់កើតជាសត្វដំរីវិញ ព្រោះខ្ញុំនឹងមានមាឌធំ ហើយខ្លាំង» ។
ខ្ញុំនឹងមិនខ្លាចសត្វផ្សេងៗទៀតទេ ប៉ុន្តែសត្វផ្សេងៗទៀតនឹងខ្លាចខ្ញុំ ។
ខ្ញុំអាចអូសឈើហ៊ុបធំៗ និងដឹកជញ្ជូនមនុស្ស បានយ៉ាងងាយ ។
ប៉ុន្តែបើខ្ញុំដឹកជញ្ជូនមនុស្សរហូត ខ្ញុំមិនសប្បាយចិត្តទេ ព្រោះខ្ញុំនឿយហត់ណាស់ ។
កែវនិយាយ៖ «ខ្ញុំមិនចង់កើតជាសត្វដំរីទេ» ។ ខ្ញុំចង់កើតជាសត្វពស់វិញព្រោះខ្ញុំអាចរស់នៅលើគោកផង និងក្នុងទឹកផង ។
បើខ្ញុំជាសត្វពស់ ខ្ញុំអាចសកស្រកាពេលខ្ញុំចាស់ ។ មានតែខ្ញុំទេដែលអាចធ្វើយ៉ាងដូចនេះបាន ។
បើខ្ញុំជាសត្វពស់ មនុស្សនឹងខ្លាចខ្ញុំ ហើយតាមសម្លាប់ខ្ញុំ ។
កុមារទាំងពីរនិយាយ៖ "អូ! គិតៗទៅកើតជាសត្វ ពិបាកណាស់ ។ យើងនៅជាកុមារវិញល្អជាង" ។