ខ្ញុំឈប់លេងជាមួយឯងហើយ

ខ្ញុំឈប់លេងជាមួយឯងហើយ

បូណា និងណារីជាមិត្តល្អនឹងគ្នា។ ពួកគេក៏នៅផ្ទះជិតគ្នា។ ពួកគេស្រលាញ់គ្នាណាស់។

ណារី៖ ថ្ងៃនេះ ខ្ញុំមិនចង់លេងទេ! ខ្ញុំចង់ទៅបណ្ណាល័យអានសៀវភៅវិញ។

ណារី៖ ថ្ងៃនេះ ខ្ញុំមិនចង់លេងទេ! ខ្ញុំចង់ទៅបណ្ណាល័យអានសៀវភៅវិញ។

បូណា ក៏ទៅលេងលោតអន្ទាក់ជាមួយមិត្តភក្តិដទៃ។ បូណា មានមិត្តភក្តិច្រើនណាស់ដែលលេងជាមួយគេ។

ថ្ងៃមួយ នៅក្នុងម៉ោងភាសាខ្មែរ។ អ្នកគ្រូរំដួល ៖ ណារីពិតជាអានបានល្អណាស់! អ្នកគ្រូសង្ឃឹមថា ណារីនឹងឈ្នះការប្រកួតអំណានប្រចាំសាលានៅឆ្នាំនេះ។

ភ្លាមនោះ បូណា ប្រែទឹកមុខដោយមិនសប្បាយចិត្ត។ បូណា៖ គ្មានល្អស្អីផង! ខ្ញុំក៏អានបានដែរ។

បូណា៖ ខ្ញុំស្អប់ឯងដែលពូកែជាងខ្ញុំ។ ខ្ញុំស្អប់ឯងដែលឱ្យអ្នកគ្រូសរសើរ។

នៅពេលចេញទៅផ្ទះ... ណារី៖ បូណា! តោះយើងទៅផ្ទះវិញ។ បូណា៖ ខ្ញុំឈប់លេងជាមួយឯងទៀតហើយ! ខ្ញុំក៏ឈប់ឌុបឯងទៅផ្ទះទៀតដែរ។

ណារី៖ តើខ្ញុំធ្វើអីខុស មែនទេ? បូណា មិនឆ្លើយតប ហើយក៏ដើរចេញទៅ។

យប់នេះ បូណា គេងមិនលក់សោះ ។ បូណា៖ ខ្ញុំមិនអាចចាញ់ ណារី ជាដាច់ខាត! ខ្ញុំក៏អាចធ្វើបានដែរ។

នៅថ្ងៃបន្ទាប់... អ្នកគ្រូ៖ សាលាយើងនឹងមានការប្រកួតអំណានជាក្រុម។ ប្រសិនបើកូនណាចង់ចូលរួមប្រកួត ត្រូវរកគ្នាឱ្យបានពីរនាក់។

ភ្លាមនោះ បូណា លើកដៃឡើង។ បូណា៖ អ្នកគ្រូ! ខ្ញុំនឹងចូលរួមប្រកួតអំណានដែរ។ សិស្សទាំងអស់ភ្ញាក់ផ្អើល ហើយមើលទៅ បូណា។

បន្ទាប់មក ណារី ក៏លើកដៃដែរ។ ណារី៖ អ្នកគ្រូ! ខ្ញុំសុំជ្រើសរើស បូណា ជាដៃគូអំណាន។

បូណាមើលមុខ ណារី ទាំងឆ្ងល់។

បូណា៖ ហេតុអី ឯងជ្រើសរើសខ្ញុំជាដៃគូអំណាន? ខ្ញុំមិនពូកែអានដូចឯងទេ។ ណារី៖ ព្រោះឯងជាមិត្តល្អរបស់ខ្ញុំ។

បូណា ក៏នឹកឃើញថាគេតែងតែមានមិត្តភក្តិជាច្រើនលេងជាមួយគេ។ ឯ ណារី តែងទៅបណ្ណាល័យម្នាក់ឯង តែនាងមិនដែលខឹង បូណា ផង។

បូណា យល់ព្រមចាប់ដៃគូប្រកួតអំណានជាមួយ ណារី។

ចាប់តាំងពីថ្ងៃនោះមក បូណា និងណារី ក៏ធ្វើអ្វីៗជាមួយគ្នា។ ណារី បានប្រាប់ បូណា អំពីវិធីអានបានលឿន និងត្រឹមត្រូវ។ បូណា ក៏បាននាំមិត្តភក្តិអានសៀវភៅជាមួយ ណារី។

ណារី និងបូណាក៏ក្លាយជាមិត្ដល្អនឹងគ្នាវិញ។