ថ្ងៃចូលរៀនដំបូង
ថ្ងៃចូលរៀនដំបូង
«ម៉ោង៧ព្រឹកហើយ ទូទូ ទើបនឹងងើបពីគេង។ នេះជាថ្ងៃចូលរៀនដំបូង។ ទូទូ និយាយ «ហ្អាខ្ញុំច្បាស់ជាទៅរៀនយឺតមិនខាន!»
ទូទូ រត់ទៅបន្ទប់ទឹកយ៉ាងលឿន ដុសធ្មេញ ងូតទឹក ។
បន្ទាប់មកទូទូ ស្លៀកពាក់។ អាវសរបស់ទូទូខ្លីជ្រុល។ ខោខៀវរបស់ទូទូវែងជ្រុល។
ស្បែកជើងខ្មៅរបស់ទូទូតូចជ្រុល។ កាតាបលឿងរបស់ទូទូធំជ្រុល។ ម៉ោង៧កន្លះហើយ ទូទូប្រឹងស្ពាយ កាតាបទៅរៀនម្នាក់ឯង។
នៅតាមផ្លូវ អត់ឃើញមាននរណាដើរទៅសាលាសោះ។ តីតី និងពីពី អ្នកនៅជិតផ្ទះក៏មិនឃើញ។ ពួកគេច្បាស់ជាទៅដល់សាលារៀនហើយ!
តាមផ្លូវមានកូនឆ្កែមួយក្បាលបានរត់ដេញទូទូ។ ទូទូរត់បែកញើសជោកខ្លួន។
បន្ទាប់មកមានភ្លៀងធ្លាក់ ទូទូសើមជោក និងរអិលដួលប្រឡាក់ខោអាវសុទ្ធតែដី។
ពេលរត់ទៅដល់ សាលាអត់មានសិស្សសោះ។ អ្នកយាមប្រាប់ទូទូថាសាលាមិនទាន់បើកទេ!
«ទូទូក្រោកឡើងកូន! ថ្ងៃនេះចូលរៀនថ្ងៃដំបូងផង!» ទូទូឮសម្លេងម្តាយដាស់។
«អត់ទេម៉ាក់ ថ្ងៃនេះ គេអត់ទាន់ចូលរៀនទេ។» ទូទូតបទាំងបិទភ្នែក។
«កូនយល់សប្តិហើយ!» «ឆាប់ឡើងទៅងូតទឹក ហើយស្លៀកពាក់!»
ទូទូដើរយឺតៗទៅបន្ទប់ទឹក។ ទូទូដុសធ្មេញ និងងូតទឹកយឺតៗ។
បន្ទាប់មកទូទូស្លៀកពាក់។ អាវសរបស់ទូទូល្មម។ ខោខៀវរបស់ទូទូល្មម។ ស្បែកជើងពណ៌ខ្មៅរបស់ទូទូល្មម។ កាតាបលឿងរបស់ទូទូក៏ល្មមដែរ។
ម៉ាក់ហុចប្រអប់នំសម្រាប់ញ៉ាំហើយនិយាយ៖ «ដល់ពេលទៅរៀនហើយ!»
ទូទូអើតតាមបង្អួច ឃើញសិស្សជាច្រើនដើរទៅសាលារៀន។ «ថ្ងៃនេះជាថ្ងៃចូលរៀនមែនតើ!» ពេលចេញមកដល់ក្រៅទូទូឃើញតីតី និងពីពី។ ពួកគេក៏ត្រូវទៅរៀនដែរ។
នៅតាមផ្លូវមានកូនឆ្កែ តែកូនឆ្កែនោះអត់រត់ដេញទូទូទេ។ «មេឃស្រឡះល្អណាស់!»
មកដល់សាលា អ្នកគ្រូនៅឈរចាំមុខថ្នាក់ហើយស្រេច។ «ជម្រាបសួរអ្នកគ្រូ!» ទូទូព្រមទាំងសិស្សទាំងអស់សំពះអ្នកគ្រូ។
ពេលចេញលេងទូទូរត់លេងក្នុងទីធ្លាជាមួយមិត្តភក្តិ។ «ថ្ងៃចូលរៀនដំបូងពិតជាសប្បាយណាស់!»