សំំបុកថ្មី

សំំបុកថ្មី

ប៉័ង! ក្ឌាំង! ង៉ោងៗ! គ្រាំងៗ! ឆ្វាច!

បងប្រុសនិយាយ៖ «ដល់វេនឯងហើយ។» ប្អូនស្រីស្រែក៖ «ថាម៉េច? វេនបងឯងទេតើ!»​​​សំឡេងដ៏ខ្លាំងមួយ កំពុងរំខានដល់ពួកគេលេង។

ប្អូនស្រីបានទាត់មួយទំហឹង... ចូល! ឡេវតូចបានហោះឡើងទៅលើអាកាស រួចធ្លាក់ចុះខុសពីសំបុក។ ប្អូនស្រីយំ៖ «អត់ទេ! ឡេវរបស់ខ្ញុំ។»

«ចាំបងទៅយកវាឱ្យ!» បងប្រុស ស្រែកប្រាប់ ហើយហើរចុះពីដើមឈើទៅយ៉ាងលឿន។

ភ្លាមនោះ ប្អូនស្រីក៏ស្រែក “ឆ្មា!” ។ មេបា និងប្អូនស្រីរបស់កូនចាប ស្រែកព្រមគ្នា “ប្រយ័ត្នឆ្មា!”

អ្ហឺយ! ឆ្មាហៀបនឹងចាប់បងប្រុសបានទៅហើយ។ គេស្ដាប់មិនឮសម្រែកគ្រួសារគេប្រាប់នោះទេ ដោយសារតែសំឡេងម៉ាស៊ីនរំខាន។

សំឡេងម៉ាស៊ីននៅតែលាន់ឮខ្លាំង។ គ្រួសារបក្សីពិបាកទាក់ទងគ្នា។ បាចាប និយាយថា៖ «គ្រោះថ្នាក់ណាស់! យើងត្រូវប្រញាប់ចេញពីទីនេះ។»

គ្រប់គ្នាចាប់ផ្តើមរៀបបង្វិច ប៉ុន្តែប្អូនស្រីមិនដឹងថាយកអ្វីទៅខ្លះទេ​ ព្រោះនាងស្រលាញ់របស់គ្រប់យ៉ាង។

ប្អូនស្រីនិយាយ៖ “ខ្ញុំនឹងយករោមស្លាបសំណព្វចិត្ដរបស់ខ្ញុំទៅ”។ បងប្រុសកំពុងតែរៀបចំវេចរោមស្លាប ស្រាប់តែ…

បាចាបឧទាន៖ «លឿនឡើង! ឆ្មាឡើងជិតដល់ហើយ!» គ្រប់គ្នាក៏ប្រញាប់ចាកចេញពីសំបុក។

ពេលកំពុងស្លន់ស្លោ រោមស្លាបសំណព្វចិត្តប្អូនស្រីតូចត្រូវទុកចោល។ នាងស្រែកលាដោយក្ដីអាល័យ៖ «លាហើយសំបុក លាហើយរោមស្លាបដ៏ស្អាត»។

នាងយំតិចៗ៖ "លាហើយ គ្រឿងចក្រម៉ាស៊ីនលឿងដ៏រំខាន!"

នាងបន្ដ៖ “លាហើយផ្លូវ លាហើយព្រះអាទិត្យ!”

«លាហើយ ដើមឈើចាស់ៗ។ អូ មើលហ្ន៎! នោះគឺជាដើមឈើថ្មី។ តើវាអាចក្លាយជាសម្បុកថ្មីរបស់យើងឬទេ?» ប្អូនស្រីតូចរំភើបយ៉ាងខ្លាំង។

«មកនេះ លឿនឡើង!» បងប្រុសស្រែកតិចៗ។

ប្អូនស្រីតូច ស្ទើរតែមិនជឿភ្នែករបស់នាង៖ «អូ រោមស្លាបដ៏ទន់សំណព្វចិត្តខ្ញុំ!» មេចាប​​ បានយករោមខ្លះមកតាមពេលដែលគាត់រៀបចំរបស់របរ។

ចាបទាំងអស់ហត់ពេញមួយថ្ងៃហើយ! ទីបំផុត ពួកគេអាចសម្រាកក្នុងសំបុកថ្មីយ៉ាងស្រួលហើយ។